សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព របស់សហគមន៍អន្តរជាតិ នៅលើឧបទ្វីបកូរ៉េ តាមរយៈការសន្ទនា និងការចរចា។
អ្នកការទូត មកពីបណ្តាប្រទេសអាស៊ី – ប៉ាស៊ីហ្វិក បានធ្វើបទសម្ភាសន៍តាមវីដេអូ ដែលជាផ្នែកមួយ នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃវេទិកាសន្ទនាថ្នាក់តំបន់ចំនួន ៣ គឺកិច្ចប្រជុំអាស៊ានបូក ៣ ដែលពាក់ព័ន្ធ នឹងសមាជិកអាស៊ានទាំង ១០ ប្រទេសកូរ៉េខាងត្បូង ចិន និងប្រទេសជប៉ុន; កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS); និងវេទិកាតំបន់អាស៊ាន (ARF) កាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារនេះ។
លោក Pak Jong-hak ប្រធានកិច្ចការអាស៊ី នៃក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាង ប្តេជ្ញារក្សាជំហរគោលការណ៍របស់ខ្លួន ក្នុងការថែរក្សាសន្តិភាព នៅឧបទ្វីបកូរ៉េ តាមរយៈការសន្ទនា និងការចរចា។
លោកបានបន្ថែមថា គោលដៅរបស់ ARF ក្នុងការកសាងទំនុកចិត្ត ដើម្បីសន្តិភាពនិងស្ថេរភាព បន្ថែមគឺស្របតាមជំហរ របស់កូរ៉េខាងជើង៕ ដោយ៖ ឈូក បូរ៉ា