ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អាមេរិក អនុម័តលក់គ្រាប់ សម្រាប់ហ្វឹកហាត់ឲ្យគុយវ៉ែត

បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តលើកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់៥៩,៦លានដុល្លារ ដើម្បីលក់គ្រាប់ សម្រាប់ហ្វឹកហាត់ M1A2K និងសម្ភារៈពាក់ព័ន្ធនានា ឲ្យដល់ប្រទេសគុយវ៉ែត នេះបើយោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិ ប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះ។

យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិរបស់អាមេរិកនោះ ប្រទេសគុយវ៉ែត បានស្នើសុំទិញគ្រាប់ទាំងនោះ ចំនួនជាង១ម៉ឺនគ្រាប់ ហើយការលក់នេះ ក៏នឹងរួមបញ្ចូលនូវគ្រាប់ ការគាំទ្រ សម្ភារៈតេស្តសាកល្បង និងសេវាកម្មគាំទ្រផ្នែកបច្ចេកទេសនិងការដឹកជញ្ជូន ហើយនិងឧបករណ៍ ពាក់ព័ន្ធផ្សេងៗទៀតចំពោះកម្មវិធីភស្តុភារនិងកម្មវិធី។
សេចក្តីប្រកាសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិ បាននិយាយដូច្នេះថា “ការលក់ដែលស្នើឡើងនេះ នឹងគាំទ្រដល់គោល នយោបាយបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឲ្យប្រសើរឡើង នូវសន្តិសុខសម្ពន្ធមិត្តមិនមែនសមាជិកណាតូ ដែលជាកម្លាំងដ៏សំខាន់មួយ សម្រាប់ស្ថិរភាពនយោបាយ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅតំបន់មជ្ឈិមបូព៌ា” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top