ព័ត៌មានអន្តរជាតិ

អាមេរិក​ នឹងវាយតម្លៃ ការឆ្លើយតប ចំពោះការទិញប្រព័ន្ធ អាវុធរុស្ស៊ីរបស់តួកគី

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការវាយតម្លៃពីវិធី ដែលខ្លួននឹងធ្វើការឆ្លើយតប ចំពោះការដែលតួកគីទិញ ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ។

ស្ថិតក្រោមការមានមន្ទិលសង្ស័យ ពីសមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob Menendez នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ទំនាក់ទំនងអន្តរជាតិព្រឹទ្ធសភា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍ថា “យើងបន្តធ្វើការវាយតម្លៃ ពីវិធីដាក់ទណ្ឌកម្ម ក្នុងគោលបំណងឲ្យសម្រេច បាននូវគោលដៅ ចុងក្រោយរបស់យើង”។

គួរបញ្ជាក់ថា ប្រទេសតួកគី ធ្លាប់បានចុះហត្ថលេខាទិញ យកយន្តហោះចម្បាំងសហរដ្ឋអាមេរិក F-35 រហូតដល់ទៅ១០០គ្រឿង និងបានធ្វើការវិនិយោគដ៏ធំ ក្នុងកម្មវិធីយន្តហោះចម្បាំង ជំនាន់ថ្មីនោះ ប៉ុន្តែក្រោយពីទិញប្រព័ន្ធការពារពីរុស្ស៊ីនេះ ទីក្រុងវ៉ាស៊ីនតោន បានលុបចោលឈប់លក់យន្តហោះចម្បាំង F-35 ឲ្យ ដោយនិយាយថា ប្រព័ន្ធ S-400 គឺមិនត្រូវគ្នាជាមួយប្រព័ន្ធ អាវុធរបស់ណាតូ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top