ព័ត៌មានអន្តរជាតិ

ប្រធានសភាអាមេរិក ព្រមានសមាជិកខ្លួនថា អ្នកដែលមិនពាក់ម៉ាស់មុខ អាចត្រូវសន្តិសុខសភា ចាប់ចេញក្រៅ

បរទេស៖ តំណាងរាស្ត្រ នៅក្នុងសភាអាមេរិក បានបញ្ជាឱ្យសមាជិក និងបុគ្គលិកទាំងអស់ពាក់ម៉ាស់ នៅពេលដែលចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនដល់ទៅ ១៥ ម៉ឺននាក់។ ជាមួយគ្នានោះដែរ ប្រធានសភាលោកស្រី Nancy Pelosi បានព្រមានអ្នក ដែលល្មើសនឹងច្បាប់ថ្មី រឿងពាក់ម៉ាស់នេះ នឹងប្រឈមនឹងការត្រូវដេញ ចេញពីបន្ទប់សភា។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Pelosi បានសំរេចចិត្តបែបនេះ បន្ទាប់ពីលោក Louie Gohmert សមាជិកសភា មកពីសាធារណរដ្ឋតិចសាស់ ជារឿយៗ តែងតែនៅជុំវិញវិមានកាពីតូល ដោយមិនបានពាក់ម៉ាស់មុខនោះ ត្រូវបានគេធ្វើតេស្តវិជ្ជមាន វីរុសកូវីដ១៩ កាលពីថ្ងៃពុធ។

លោក Louie Gohmert ក៏ត្រូវធ្វើដំណើរនៅថ្ងៃនោះ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។

លោកស្រី Pelosi ដែលជាអ្នកប្រជាធិបតេយ្យ នៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយនៅជាន់ផ្ទាល់ដីសភា កាលពីល្ងាចថ្ងៃពុធថា សមាជិកទាំងអស់ នឹងត្រូវបានអនុញ្ញាត អោយដោះម៉ាស់របស់ពួកគេវិញ នៅពេលនិយាយទៅកាន់អង្គសភា។

លោកស្រីបន្ថែមថា “ ប្រធានរំពឹងថា សមាជិកនិងបុគ្គលិកទាំងអស់ ត្រូវគោរពតាមតម្រូវការនេះ ជាសញ្ញានៃការគោរពសុខភាព សុវត្ថិភាព និងសុខុមាលភាព របស់អ្នកដទៃ ដែលមានវត្តមាននៅក្នុងសភា និងតំបន់ជុំវិញនោះ” ។

លោកស្រី Pelosi បាននិយាយថា លោកស្រីនឹងចាត់ទុកការខកខាន មិនបានពាក់របាំងមុខ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកសុភាវធម៌ និងថែមទាំងព្រមានទៀតថា ផ្នែកសន្តិសុខប្រដាប់អាវុធនៅសភា អាចនឹងបណ្តេញចេញដោយបង្ខំ ចំពោះអ្នកណាម្នាក់ ដែលមិនពាក់ម៉ាស់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top