បរទេស៖ សេដ្ឋកិច្ចរបស់ ប្រទេសកូរ៉េខាងជើង បានកើនឡើងសម្រាប់ជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំកន្លងមក នៅក្នុងឆ្នាំ២០១៩ បើទោះជាមានទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសកុម្មុយនិស្តឯកាមួយនេះ។ ទិន្នន័យធនាគារកូរ៉េ ចេញនៅថ្ងៃសុក្រម្សិលមិញនេះបង្ហាញថា វិស័យកូរ៉េខាងជើងសំខាន់ៗ បានចុះកុងត្រា ស្របពេលផ្នែកផ្សេងទៀត បានកើនឡើង កាលពីឆ្នាំមិញ ក្រោមកាលៈទេសៈផ្លាស់ប្តូរ។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមទីក្រុងសេអ៊ូល ផលិតផលផលិតក្នុងស្រុកសរុប របស់ប្រទេសកូរ៉េខាងជើង បានកើនឡើងចំនួន០,៤ភាគរយ ក្រោយមានភាពអវិជ្ជមានជាច្រើនឆ្នាំ។ ក្នុងឆ្នាំ២០១៦ ផលិតផលផលិតក្នុងស្រុកសរុប របស់ប្រទេសកូរ៉េខាងជើង បានកើនឡើងប្រមាណ ៣,៩ភាគរយ។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានរងការវាយប្រហារ ដោយទណ្ឌកម្មបន្ថែម ក្នុងឆ្នាំ២០១៧ នៅពេលប្រទេសនេះ បានបាញ់តេស្តមីស៊ីលផ្លោងឆ្លងទ្វីប និងតេស្តនុយក្លេអ៊ែលើកទី៦របស់ខ្លួន ហើយនៅក្នុងឆ្នាំនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រឹតបន្តឹងការនាំចេញ ផលិតផលប្រេងចម្រាញ់រួច ពាក់ព័ន្ធនឹងកូរ៉េខាងជើង ហើយនិងបានដាក់បម្រាម មិនឲ្យនាំចេញធ្យូងថ្ម ទាំងអស់ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង