បរទេស៖ រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួម ដែលទទួលបន្ទុកកិច្ចការបរទេស នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បាននិយាយថា ប្រទេសតួកគី គួរតែឈប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងអារ៉ាប់ ដោយធ្វើការរិះគន់ សេចក្តីថ្លែងការណ៍មួយ ស្តីពីប្រទេសលីប៊ី ដែលធ្វើឡើង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសតួកគី។
ប្រព័ន្ធផ្សព្វផ្សាយតួកគី នាពេលថ្មីៗនេះ បានរាយការណ៍ថា រដ្ឋមន្ត្រីតួកគី បានធ្វើសេចក្តីថ្លែងការណ៍រិះគន់ ដល់សកម្មភាពសហភាពអារ៉ាប់រួម ជុំវិញរឿងប្រទេសលីប៊ី។
សហភាពអារ៉ាប់រួម ព្រមទាំងប្រទេសអេហ្ស៊ីប និងរុស្ស៊ី គាំទ្រដល់មេបញ្ជាការលីប៊ី ភាគខាងកើត គឺលោក Khalifa Haftar ដែលមានកងកម្លាំង កំពុងតែប្រយុទ្ធ នឹងកងកម្លាំង របស់រដ្ឋាភិបាលអន្តរជាតិទទួលស្គាល់ ក្នុងទីក្រុងទ្រីប៉ូលី។ តួកគីបានបង្កើនការគាំទ្រ ដល់រដ្ឋបាភិបាលទីក្រុងទី្រប៉ូលី។
រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួម លោក Anwar Gargash បានសរសេរ លើបណ្ដាញសង្គមធ្វីតធើដូច្នេះថា “ចំណងមិត្តភាពមិនគ្រប់គ្រង ដោយការគម្រាមកំហែង ហើយក៏គ្មានកន្លែង សម្រាប់ការក្លែងបន្លំរបស់អាណានិគម ក្នុងយុគសម័យនេះនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង