ព័ត៌មានអន្តរជាតិ

អាកាសចរណ៍ថៃ Thai Airways គ្រោងរៀបចំការហោះហើរ ទៅកាន់កោះតៃវ៉ាន់ និងអឺរ៉ុប នៅថ្ងៃទី៥សីហានេះ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways (THAI) បានរៀបចំជើងហោះហើរចំនួនពីរ ទៅកាន់ទីក្រុងតៃប៉ិ នៅកោះតៃវ៉ាន់ និងជើងហោះហើរចំនួនពីរទៅកាន់ទីក្រុង Copenhagen ក្នុងប្រទេសដាណឺម៉ាក ក្នុងខែសីហានេះ ដោយផ្តោតលើជនជាតិបរទេស ដែលជាប់គាំងដោយ រោគរាតត្បាត កូវីដ១៩ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នា២០២០ បានឱ្យដឹងថា ប្រធានស្តីទីរបស់ THAI លោក Chansin Treenuchagron បាននិយាយកាលពីថ្ងៃសៅរ៍ថា ជើងហោះហើរទៅកាន់កោះតៃវ៉ាន់លេខកូដ TG632 នឹងហោះហើរនៅថ្ងៃទី ៥ និង ១៤ ខែសីហា ដោយចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ នៅម៉ោង ៨ និង ២៥ នាទី ព្រឹក និងទៅដល់តៃប៉ិ នៅម៉ោង ១.០៥ ល្ងាច។

លោក Chansin បាននិយាយថា ជើងហោះហើរទៅកាន់ប្រទេសដាណឺម៉ាកលេខកូដ TG 950 នឹងហោះហើរនៅថ្ងៃទី ១៦ និង ៣០ ខែសីហា ដោយចេញដំណើរ ពីព្រលានយន្តហោះ សុវណ្ណភូមិ នៅម៉ោង ៦ និង ៥០ នាទីព្រឹក និងទៅដល់ទីក្រុង Copenhagen នៅវេលាម៉ោង ១.០៥ ល្ងាច។
លោកបន្តថាជើងហោះហើរ ទាំងនេះនឹងដំណើរការក្រោម ការរឹតបន្តឹងសុវត្ថិភាពសុខភាពសាធារណៈ និងពង្រឹងបទប្បញ្ញត្តិគម្លាតសង្គម។

ប្រធានស្តីទី THAI រូបនេះបន្ថែមថា មានតែសំបុត្រមួយផ្លូវ (One Way) អាចត្រូវបានកក់ហើយមានកន្លែង អង្គុយមានកំណត់។ លោកបាននិយាយថា ការហោះហើរត្រឡប់មកក្រុងតៃប៉ិនិង Copenhagen កំពុងត្រូវបានរៀបចំឡើង ដោយសហការជាមួយ ក្រសួងការបរទេស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top