ព័ត៌មានអន្តរជាតិ

កងទ័ពថៃផ្អាក គម្រោងសមយុទ្ធអាមេរិក ក្រោយទាហានឆ្លង ជម្ងឺកូវីដ១៩

បរទេស៖ក្រសួងការពារជាតិថៃបាននិយាយ នៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសថៃបានផ្អាកគម្រោងឲ្យកងទ័ព ខ្លួនចូលរួមសហសមយុទ្ធ ជាមួយយោធាសហរដ្ឋអាមេរិក ក្រោយទាហានថៃចំនួន ៩នាក់ ត្រូវបានតេស្តវិជ្ជមានសម្រាប់មេរោគ កូរ៉ូណា ក្នុងខណៈវិលត្រឡប់ ពីហាវ៉ៃវិញ។

កងទ័ពថៃ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទាហានដែលឆ្លងមេរោគថ្មីនេះ គឺនៅក្នុងចំណោមមន្ត្រីថៃ១៥១នាក់ ដែលធ្វើដំណើរវិលត្រឡប់មកពីធ្វើសមយុទ្ធយោធា Lightning Forge 2020 ជាមួយទាហានសហរដ្ឋអាមេរិក នៅរដ្ឋហាវ៉ៃ សម្រាប់រយៈពេល៣សប្ដាហ៍ដំបូងក្នុងខែកក្កដា។

មន្ត្រីនាំពាក្យក្រសួងការពារជាតិថៃ លោក Kongcheep Tantawanich បានថ្លែងប្រាប់ដូច្នេះថា “ទាហាន នាពេលថ្មីៗនេះ បានផ្អាកគ្រប់គម្រោងនាំយកកងកម្លាំង ទៅបរទេសទាំងអស់ រហូតដល់ស្ថានភាពមានភាពប្រសើរឡើងវិញ”។ លោកបន្តទៀតថា ប្រទេសថៃគ្មានគម្រោងសម្រាប់សហសមយុទ្ធជាមួយ ប្រទេសដទៃផ្សេងទៀតនោះទេ ក្រៅពីសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top