បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ការកសាងសម្ពន្ធភាពឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយប្រទេសមានចិត្តគំនិតដូចគ្នា នឹងជាអាទិភាពដ៏សំខាន់មួយ សម្រាប់រដ្ឋាភិបាលរបស់លោក និងបានព្រមានអំពីសន្ទុះនៃការធ្វើយោធូបនីយកម្មក្នុងតំបន់ ដែលមិនធ្លាប់មានពីមុនមក។
លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី បានថ្លែងប្រាប់ដល់វេទិកាសន្តិសុខ Aspen ដែលប្រជុំដោយថ្នាក់ដឹកនាំរដ្ឋាភិបាលនិងយោធា ជាមួយនឹងអ្នកជំនាញថា “ក្នុងពេលសព្វថ្ងៃនេះ ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាចំណុចកណ្ដាលនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ ហើយភាពតានតឹងជុំវិញការអះអាងកម្មសិទ្ធិទឹកដី កំពុងតែកើនឡើង”។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី កាលពីខែមុននេះ បាននិយាយថា ខ្លួននឹងជំរុញបង្កើនការចំណាយលើការពារជាតិចំនួន៤០ភាគរយ ក្នុងរយៈពេល១០បន្ទាប់ ដោយទិញឧបករណ៍យោធាវាយប្រហារក្នុងចម្ងាយឆ្ងាយ ដែលនឹងផ្តោត សំខាន់លើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទីដែលទីក្រុងប៉េកាំងនិងទីក្រុងកង់បេរ៉ាប្រជែង ដណ្ដើមឥទ្ធិពលគ្នា៕ប្រែសម្រួល៖ប៉ាង កុង