ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ ដោយសារការ ផ្ទុះឃ្លាំងផ្ទុកសារធាតុ អាម៉ូញ៉ូមនីត្រាត នៅលីបង់ កើនដល់ ១៣៥នាក់

BBC៖ មន្ត្រីមួយចំនួន នៅកំពង់ផែទីក្រុងបេរូត ត្រូវបានឃុំខ្លួនក្នុងផ្ទះ រង់ចាំការស៊ើបអង្កេត ក្នុងការផ្ទុះដ៏ធំមួយនៅថ្ងៃអង្គារនេះ។ ការផ្ទុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៥ នាក់ និងរងរបួសជាង ៤ ០០០ នាក់ផ្សេងទៀត។ ស្ថានភាពអាសន្នរយៈពេលពីរសប្តាហ៍បានចាប់ផ្តើមហើយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតីលីបង់ លោក មីឆែលអួន បាននិយាយថា ការផ្ទុះនេះបណ្តាលមកពីសារធាតុ អាម៉ូញ៉ូមនីត្រាត ចំនួន ២.៧៥០ តោន ដែលផ្ទុកមិនមានសុវត្ថិភាពនៅក្នុងឃ្លាំងមួយ។

ប្រធានផ្នែកគយលោក Badri Daher បាននិយាយថា ទីភ្នាក់ងាររបស់លោកបានអំពាវនាវ ឱ្យមានការដកសារធាតុគីមីចេញប៉ុន្តែ “រឿងនេះមិនបានកើតឡើងទេ” ។ លោកបាននិយាយថា “ យើងទុកវាឱ្យទៅអ្នកជំនាញដើម្បីកំណត់ពីមូលហេតុ។

សូមជម្រាបថា សារធាតុ អាម៉ូញ៉ូមនីត្រាត គឺសម្រាប់ប្រើជាជីកសិកម្មនិងជាគ្រឿងផ្ទុះ។

បើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់នៅថ្ងៃពុធលោកប្រធានាធិបតីអួន បាននិយាយថា “គ្មានពាក្យណាមួយអាចពិពណ៌នាអំពីភាពភ័យរន្ធត់ ដែលបានវាយប្រហារទីក្រុងបេរូត កាលពីថ្ងៃអង្គារ ដោយប្រែក្លាយជាទីក្រុងទីជារងគ្រោះដោយគ្រោះមហន្តរាយ” ។

អ្នកឯកទេសនៅសាកលវិទ្យាល័យ Sheffield នៅចក្រភពអង់គ្លេស ប៉ាន់ស្មានថា ការផ្ទុះនេះ គឺមានកម្លាំងប្រហែល ១ ភាគ ១០ នៃថាមពលផ្ទុះគ្រាប់បែកបរមាណូ ដែលបានទម្លាក់មកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ និងជាការផ្ទុះដែលមិនមែនជាអាវុធនុយក្លេអ៊ែរដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top