បរទេស៖កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួននឹងបញ្ចប់ការប្តូរវេនប្រចាំការ របស់កងទ័ពនៅប្រទេសន័រវេស ជាទីដែលកងទ័ពរាប់រយនាក់ ត្រូវបានបញ្ជូនទៅដាក់ពង្រាយ អស់រយៈពេល៣ឆ្នាំ កន្លងមក។
មន្ត្រីនាំពាក្យកងកម្លាំងម៉ារីនអាមេរិក ប្រចាំនៅអាហ្វ្រិកនិងអឺរ៉ុប បាននិយាយថា កងកម្លាំងម៉ារីន នឹងបន្តធ្វើការហ្វឹតកហាត់ និងសមយុទ្ធជារយៈពេល ជាមួយយោធានៃប្រទេសន័រវេស ប៉ុន្តែនឹងមិនរក្សាកងកម្លាំងឲ្យប្រចាំការ ក្នុងប្រទេស សម្រាប់ការផ្លាស់ប្តូរវេនគ្នា ចំនួន៦ខែ នោះទេ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរវេនកងទ័ពអាមេរិកនាពេលបច្ចុប្បន្ននេះ នឹងត្រូវបញ្ចប់នៅចុងខែតុលា ប៉ុន្តែយោងតាមកងកម្លាំង ប្រដាប់អាវុធនៃប្រទេសន័រវេស បុគ្គលិកមកពីយោធាទាំងសងខាង ត្រូវបានគេរំពឹងថា នឹងចូលរួមជាទ្រង់ទ្រាយធំ ក្នុងសមយុទ្ធអាកាសធាតុត្រជាក់ នារដូវរងារនេះ៕ ប្រែសម្រួល៖ប៉ាង កុង