បរទេស៖ ខេត្តក្វាងណាម ប្រទេសវៀតណាម បានពិន័យម្ចាស់ហាងហាងកាហ្វេ និងហាងអ៊ីនធឺណេត កាលពីថ្ងៃសុក្រពីបទធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គម។ លោក ឡេ វ៉ាន់ចូ អាយុ ៥៦ ឆ្នាំជាម្ចាស់ហាងកាហ្វេមួយនៅក្រុង ដៀនបាន ត្រូវបានពិន័យជាប្រាក់ ៧.៥ លានដុង (៣២២ ដុល្លារ) បន្ទាប់ពីអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី ២ ខែសីហា បានរកឃើញថា ហាងរបស់គាត់នៅតែធ្វើប្រតិបត្តិការ និងបម្រើកាហ្វេដល់ភ្ញៀវចំនួន ៥ នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃដដែលនោះអាជ្ញាធរ ក៏បានប្រទះឃើញឈ្មោះ ឡេ ធីធួង អាយុ ២៧ ឆ្នាំ បានបើកហាងអ៊ីនធឺណេត របស់នាងនិងអនុញ្ញាតឱ្យមនុស្ស ១០ នាក់ចូល។ នាងត្រូវបានពិន័យជាប្រាក់ ៥ លានដុង (២១៦ ដុល្លារ) ផងដែរ។
ខេត្តក្វាងណាមបាន ដាក់ចេញគម្លាតសុវត្ថិភាពសង្គម នៅតាមស្រុកនិង ទីប្រជុំជនជាច្រើន រួមមានទីក្រុងដៀនបាន ផងដែរ ចាប់ពីថ្ងៃទី ១ ខែសីហាតទៅ។ ប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ និងរក្សាគម្លាតពីគ្នាយ៉ាងតិចពីរម៉ែត្រ នៅទីសាធារណៈ។ ការជួបជុំជាសាធារណៈដែលមានមនុស្សច្រើនជាងពីរនាក់ ត្រូវបានហាមឃាត់ លើកលែងតែនៅការិយាល័យ សាលារៀន និងមន្ទីរពេទ្យ។
មួយថ្ងៃមុននេះ ភោជនីយដ្ឋាន ហាងស្រា ហាងកាហ្វេ និងតូបអាហារ នៅឌៀនបាន ក៏បានបញ្ជាឱ្យបិទទ្វារផងដែរ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា នៅពេលការផ្ទុះឡើងនៃមេរោគកូវីដ១៩ បានផ្ទុះនៅក្នុងសហគមន៍, ខេត្តក្វាងណាម ដែលជាទីប្រជុំជននៃទីក្រុងបុរាណ Hoi An បានរាយការណ៍ថា មានអ្នកឆ្លងមេរោគនេះចំនួន ៣៧ នាក់ ដែលក្នុងនោះ ទីក្រុង ដៀនបាន មានយ៉ាងហោចណាស់ ១៧ នាក់បានឆ្លង។ អ្នកស្រុក ៥ ០០០ នាក់ត្រូវបានចាក់សោរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មី៕
ប្រែសម្រួលៈ ណៃ តុលា
