ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីក្នុងស្រុកបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ការរុករកពលរដ្ឋចំនួន៤៧នាក់កំពុងបាត់ខ្លួនបានធ្វើឡើង នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានគ្រោះបាក់ដីដ៏ធំមួយបានកើតឡើង ហើយបានហូរច្រោះកប់ពួកគេឈានចូលដល់ថ្ងៃទី២នេះ ។
ក្រុមអ្នកជួយសង្គ្រោះបានទាញយកសាកសព ចំនួន១៩ ចេញពីគំនរបាក់បែក ។
លោក H Dineshan អ្នកប្រមូលពន្ធនៅក្នុងស្រុកបានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទចេញពីស្រុក Idukki ថា “សាកសពចំនួន១៩នាក់ ត្រូវបានទាញយកចេញពីគំនរបាក់បែក ហើយធ្វើការរុករកបន្តទៀត” ។ “កាលពីថ្ងៃម្សិលមិញ ក្រុមរបស់យើងបានជួយសង្គ្រោះបាន មនុស្សចំនួន១២នាក់ដែលនៅមានជីវិតរស់ និងបានបញ្ជូនដល់មន្ទីរពេទ្យ ។ បន្ទាប់មក មិនទាន់បានរកឃើញថានរណាខ្លះទៀតនៅមានជីវិតរស់នៅឡើយទេ” ។
លោក Dineshan បានលើកឡើងថា “នាពេលឥឡូវនេះ មិនទាន់មានដានណាមួយបញ្ជាក់អំពីអ្នកទំាង៤៧នាក់ ដែលកំពុងបាត់ខ្លួននៅឡើយទេនៅក្នុងហេតុការណ៍គ្រោះបាក់ដីនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា