បរទេស៖ រូបថតដែលត្រូវបានថតនៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២០ បង្ហាញពីទិដ្ឋភាពនៅកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់។
បើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃ៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីជំនួសកំពង់ផែបេរូត ដែលត្រូវបានបំផ្លិចបំផ្លាញដោយការផ្ទុះដ៏ខ្លាំងចំនួនពីរកាលពីថ្ងៃអង្គារ។
សូមជម្រាបថា រដ្ឋមន្រ្តី សុខាភិបាលលីបង់ លោក ហាម៉ាត់ ហាសាន់ បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះដ៏ធំ ដែលបានធ្វើឱ្យកក្រើកកំពង់ផែបេរូត កាលពីថ្ងៃអង្គារ បានកើនឡើងដល់ ១៥៤ នាក់។
លោកហាសាន់បាននិយាយទៀតថា ២០ ភាគរយនៃអ្នករងរបួសចំនួន ៥០០០ នាក់ ត្រូវការសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈដែលករណីធ្ងន់ធ្ងរ បានកើនឡើងដល់ ១២០នាក់ ដោយសារមុតអំបែងកញ្ចក់ ដែលបែកបាក់បណ្តាល ឱ្យរងរបួសធ្ងន់ធ្ងរដែលត្រូវការការវះកាត់ ៕
ប្រែសម្រួលៈ ណៃ តុលា