ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ប្រឈមមុខនឹង ហានិភ័យស្របពេល ដែលក្រុមប្រឹក្សាសន្តិសុខយូអិន រៀបចំបោះឆ្នោតលើបម្រាមអាវុធ

បរទេស៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងតែត្រៀមរៀបចំបោះឆ្នោតនៅសប្ដាហ៍នេះ ស្តីពីសំណើអាមេរិកឲ្យបន្តដាក់បម្រាមអាវុធលើអ៊ីរ៉ង់ ហើយសកម្មភាពនេះ ត្រូវបានមន្ត្រីការទូតខ្លះនិយាយថា នឹងបរាជ័យ ហើយធ្វើឲ្យវាសនាកិច្ចព្រមព្រៀងនុយក្លេអ៊ែ រវាងទីក្រុងតេអេរ៉ង់និងមហាអំណាចពិភពលោក ធ្លាក់ក្នុងហានិភ័យថែមទៀត។ 

មន្ត្រីការទូតទាំងនោះនិយាយថា ការប៉ុនប៉ងចុងក្រោយធ្វើឡើងដោយអង់គ្លេស បារាំង និងអាល្លឺម៉ង់ សម្របសម្រួលជាមួយរុស្ស៊ីនិងចិន ស្តីពីការបន្តដាក់បម្រាមអាវុធ រហូតមកទល់ពេលនេះ ហាក់មិនទទួលបានជោគជ័យ។ រុស្ស៊ីនិងចិនជាសម្ពន្ធមិត្តរបស់អ៊ីរ៉ង់ មានការជំទាស់ជាយូរមកហើយ ចំពោះវិធានការរបស់សហរដ្ឋអាមេរិក។ 

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីការទូតចិននៅអង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា ការបន្តដាក់បម្រាមអាវុធលើអ៊ីរ៉ង់ ក្នុងរូបភាពណាក៏ដោយ គឺខ្វះមូលដ្ឋានច្បាប់ ហើយធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងបានបន្ថែមទៀតថា គ្មានឱកាសដែលអត្ថបទរបស់អាមេរិកនេះ ត្រូវបានអនុម័តនោះទេ៕

Most Popular

To Top