បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់ស្ថានទូតចិន បានលើកឡើងថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតសង្គ្រាមត្រជាក់សាជាថ្មី ហើយនិងការទាញប្រទេសចិន ចូលជាមួយនោះ គឺបានត្រឹមទទួលការបរាជ័យប៉ុណ្ណោះ ហើយជាក់ស្តែង គឺគ្មានអ្នកចាប់អារម្មណ៍ឡើយ។
ស្ថានទូតចិនដដែល បានបន្តទៀតថា យើងក៏បានធ្វើការណែនាំ ដល់ក្រុមអ្នកនយោបាយ សហរដ្ឋអាមេរិកមួយចំនួន ឱ្យបញ្ឈប់ក្នុងការធ្វើឲ្យរីករាលដាល មេរោគនយោបាយ និងគួរតែបញ្ឈប់ការនិយាយបង្កាច់បង្ខូចចិន ដោយពាក្យសម្តីនិងសកម្មភាព និងជាពិសេសបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
គួរបញ្ជាក់ថាការលើកឡើង របស់ស្ថានទូតប្រចាំនៅស្លូវេនីនេះ បានធ្វើឡើងនៅគ្រោយពេល ដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ច នៅក្នុងប្រទេសមួយនេះ ហើយបានថែមទាំងធ្វើការសេចក្តីថ្លែងការណ៍ ដែលមានន័យប្រឆាំងចំៗ ទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំងផងនោះ៕
ប្រែសម្រួល៖ស៊ុនលី