ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីរ៉ង់៖ កិច្ចព្រមព្រៀង សហភាពអារ៉ាប់រួមនិងអ៊ីស្រាអែល នឹងមិនធានាសន្តិភាព ក្នុងតំបន់នោះទេ

បរទេស៖ កិច្ចព្រមព្រៀង រវាងប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នឹងមិនធានាដល់សន្តិភាព នៅក្នុងតំបន់នោះទេ នេះបើយោងតាមសម្តីទីប្រឹក្សាពិសេស ស្តីពីកិច្ចការអន្តរជាតិ របស់ប្រធានរដ្ឋសភាអ៊ីរ៉ង់មួយរូប ដែលមានប្រតិកម្ម ចំពោះកិច្ចព្រមព្រៀងថ្ងៃព្រហស្បតិ៍ ស្តីពីការធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតីឡើងវិញ។

លោក Hossein Amir-Abdollahian ដែលក៏ជាអតីតអនុរដ្ឋមន្ត្រី មួយរូបផងនោះ បាននិយាយ លើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា មធ្យោបាយថ្មីរបស់សហភាពអារ៉ាប់រួម សម្រាប់ការធ្វើឲ្យប្រក្រតីឡើងវិញ នូវចំណងមិត្តភាព ជាមួយប្រទេសអ៊ីស្រាអែលនោះ មិនរក្សាសន្តិភាពនិងសន្តិសុខនោះទេ ប៉ុន្តែបម្រើដល់អំពើឧក្រិដ្ឋកម្ម ដែលកំពុងតែប្រព្រឹត្តរបស់អ៊ីស្រាអែល។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ទីប្រឹក្សាពិសេសអ៊ីរ៉ង់រូបនោះ បាននិយាយបន្តដូច្នេះទៀតថា “អាកប្បកិរិយារបស់ទីក្រុងអាប៊ូដាប៊ី មិនមានយុត្តិកម្ម ដោយបែរទៅមើលបុព្វហេតុប៉ាឡេស្ទីន ហើយជាមួយកំហុសជាយុទ្ធសាស្ត្រនេះ សហភាពអារ៉ាប់រួម នឹងត្រូវរុំព័ទ្ធដោយភ្លើងអ៊ីស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top