បរទេស ៖ កងកម្លាំងដែនសមុទ្រ ប្រចាំការរបស់អង្គការណាតូ នាពេលថ្មីៗនេះ បានធ្វើសមយុទ្ធដែនអាកាស និងលើផ្ទៃសមុទ្ររួមគ្នា ក្នុងខណៈកំពុងធ្វើដំណើរ លើសមុទ្របាល់ទិក ទៅកាន់ទីក្រុង Riga ប្រទេសឡាតវី នេះបើយោងតាមសេចក្តីប្រកាសមួយ ពីអង្គការណាតូនៅថ្ងៃសុក្រសប្ដាហ៍នេះ ។
ក្រុមត្រៀមខ្លួនកម្រិតខ្ពស់ គឺក្រុមប្រចាំការដែនសមុទ្រណាតូលេខ១ ដឹកនាំដោយនាវាចម្បំាងកាណាដា HCMS Toronto និងនាវាចម្បាំងព័រទុយហ្គាល់ NRP Corte Real បានធ្វើការហ្វឹកហាត់ការពារដែនអាកាស ជាមួយកងកម្លាំងដែនអាកាសណាតូ នៅក្នុងសប្ដាហ៍នេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា យន្តហោះចារកម្ម AWACS របស់អង្គការណាតូ បានផ្តល់ការឃ្លាំមើល ស្របពេលដែលយន្តហោះចម្បាំងអេស្ប៉ាញ F-18 និងយន្តហោះចម្បាំងបារាំង Mirage 2000-5 បានធ្វើការហោះហើររំលងពីលើនាវា៕
ប្រែសម្រួល៖ប៉ាង កុង