ព័ត៌មានអន្តរជាតិ

វៀតណាម ប្រកាសបញ្ជាទិញថ្នាំ ប្រឆាំងនឹងមេរោគកូវីដ ១៩ ពីប្រទេសរុស្ស៊ី និងកំពុងផលិតថ្នាំខ្លួនឯងផង

បរទេស៖ ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានចុះឈ្មោះដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ របស់រុស្ស៊ី នៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសថ្មីនេះបន្ទាប់ពីប៉ុន្មានខែទៀត នៃករណីមិនមានឆ្លងជំងឺក្នុងស្រុក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ ដំបូងបង្អស់របស់ពិភពលោកនឹងត្រូវបានដាក់ ឱ្យដំណើរការក្នុងរយៈពេលពីរសប្តាហ៍ ហើយរុស្ស៊ី ក៏បានច្រានចោលព័ត៌មានដែលគ្មាន មូលដ្ឋានដែលថា ការរកឃើញនេះគឺមិនមានសុវត្ថិភាព ដែលបានដាក់ចេញដោយអ្នកជំនាញមួយចំនួនជុំវិញការអនុម័ត យ៉ាងរហ័សរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះថ្នាំនេះ។

ដោយដកស្រង់សម្តីក្រសួង ទូរទស្សន៍រដ្ឋវៀតណាម VTV បានផ្សាយថា “ ក្នុងពេលនេះវៀតណាមនឹងនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ផ្ទាល់ខ្លួនរបស់ប្រទេសដដែល” ។

ក្រសួងសុខាភិបាលវៀតណាម មិនបានបញ្ជាក់ថាតើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មានដែលខ្លួនបានបញ្ជាទិញ ឬនៅពេលណាដែលខ្លួនរំពឹងថានឹងទទួលបាននោះទេ។ ក្រសួងគ្រាន់តែបានឱ្យដឹងកាលពីខែមុនថា វ៉ាក់សាំងដែលផលិតនៅក្នុងស្រុករបស់ប្រទេសវៀតណាមនឹងមាននៅចុងឆ្នាំ ២០២១ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top