បរទេស ៖ ប្រទេសប៉ូឡូញ និងសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងបង្កើនចំនួនកងទ័ព សហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ូឡូញ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភុ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសប៉ូឡូញ លោក Mariusz Błaszczak បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ នៅក្នុងប្រទេសប៉ូឡូញ ។
កិច្ចព្រមព្រៀងនេះ ត្រួសត្រាយផ្លូវសម្រាប់ការបញ្ជូន កងទ័ពអាមេរិកពីប្រទេស អាល្លឺម៉ង់ទៅកាន់ប៉ូឡូញ និងអនុញ្ញាតឲ្យកងកម្លាំងអាមេរិក ចូលទៅក្នុងបន្ទាយយោធាប៉ូឡូញបន្ថែមទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពនិងទីតាំងដែលមានស្រាប់ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺមានភាពស្រដៀងគ្នានឹងកិច្ចព្រមព្រៀងមានស្រាប់រវាងសហរដ្ឋអាមេរិក និងប្រទេសសម្ពន្ធមិត្តណាតូផ្សេងទៀត ដែលរួមមានទាំងប្រទេសប៊ែលហ្ស៊ិក ហុងគ្រី និងប្រទេសរ៉ម៉ានី៕
ប្រែសម្រួល៖ប៉ាង កុង



