បរទេស៖ ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិ របស់ប្រទេសថៃ បាននិយាយនៅថ្ងៃសុក្រថា ប្រទេសថៃនឹងពិនិត្យមើល យ៉ាងយកចិត្តទុកដាក់ ទៅលើវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណារបស់រុស្ស៊ី មុនពេលសម្រេចចិត្ត ថាតើគួរណែនាំ វាសម្រាប់ការប្រើប្រាស់ក្នុងតំបន់ ឬយ៉ាងណា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Khao Sod បានដកស្រង់សម្តីរបស់លោក Nakorn Premsri ដែលនិយាយថា “ យើងកំពុងផ្តោតលើវា (វ៉ាក់សាំងដែលរុស្ស៊ីរកឃើញ)” ។
មន្ត្រីដដែលបានបន្ថែមថា ក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំងថៃ មានការព្រួយបារម្ភថា វ៉ាក់សាំងរុស្ស៊ីឈ្មោះ Sputnik V មិនទាន់មានការ សាកល្បងគ្លីនិកទាំងអស់ បានច្បាស់លាស់ មុនពេលវាត្រូវបានអនុម័ត ដោយអាជ្ញាធរនិងទទួលការយល់ព្រម ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
លោកថា ព័ត៌មានបន្ថែមទៀត គឺវាចាំបាច់សម្រាប់វិទ្យាស្ថាន ដើម្បីផ្តល់ជាអនុសាសន៍ ថាតើរដ្ឋាភិបាល គួរតែទិញថ្នាំនេះឬអត់។ រហូតមកដល់ពេលនេះ ទិន្នន័យទាំងអស់ គឺបានមកពីប្រព័ន្ធផ្សព្វផ្សាយទៅវិញ។
សូមជម្រាបថា ប្រទេសថៃត្រូវបានគេរាយការណ៍ថា ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៥ ដែលកំពុងស្រាវជ្រាវរកវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូវីដ១៩ ហើយថាំពទ្យទំនើបបំផុត គឺវ៉ាក់សាំង RNA messenger នឹងត្រូវធ្វើតេស្ត លើមនុស្សនៅខែតុលា៕ ប្រែសម្រួលៈ ណៃ តុលា