កាលពីថ្មីៗនេះ លោក Tim Cook បានក្លាយជាបុគ្គលបច្ចេកវិទ្យាម្នាក់ទៀត ដែលមានឈ្មោះជាមហាសេដ្ឋី មានទ្រព្យសម្បត្តិ ខ្ទង់ពាន់លានដុល្លារ ខណៈដែលតម្លៃទីផ្សារ របស់ Apple ត្រៀមនឹងកើនឡើងដល់ខ្ទង់ ២ទ្រីលានដុល្លារ ។ តទៅនេះមកតាមដានថា បុគ្គលបច្ចេកវិទ្យាណាអាចសាកទ្រព្យសម្បត្តិបាន ១ពាន់លានដុល្លារនៅអាយុតិចជាងគេ ៖
លោក Tim Cook ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០ នេះ ដែលលោកមានវ័យ ៥៩ឆ្នាំ។
លោក Larry Ellison អ្នកបង្កើតក្រុមហ៊ុន Oracle ៖ ក្លាយជាមហាសេដ្ឋីពាន់លាននៅឆ្នាំ ១៩៩៣ ពេលលោកមានវ័យ ៤៩ឆ្នាំ ហើយបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រហែល ៧១,៤ពាន់លានដុល្លារ។
លោក Elon Musk អ្នកបង្កើតក្រុមហ៊ុន PayPal, Tesla Motors និង SpaceX ក្លាយជាសេដ្ឋីពាន់លាននៅឆ្នាំ ២០១២ ពេលមានអាយុ ៤១ឆ្នាំ ហើយបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រហែល ៦៨ពាន់លានដុល្លារ។
លោក Jeff Bezos អ្នកបង្កើតក្រុមហ៊ុន Amazon ពេលមានវ័យ ៣៥ឆ្នាំ បានក្លាយជាសេដ្ឋីពាន់លានដុល្លារ ពោលកាលពីឆ្នាំ ១៩៩៩ ពេលតម្លៃហ៊ុនរបស់ Amazon កើនឡើងខ្លាំង។ បច្ចុប្បន្ននេះម្ចាស់ Amazon មានទ្រព្យសម្បត្តិប្រហែល ១៨៨ពាន់លានដុល្លារ។
លោក Bill Gates ជាសហស្ថាបនិក Microsoft បានក្លាយជាសេដ្ឋីពាន់លាននៅឆ្នាំ ១៩៨៧ ពេលលោកមានវ័យទើបតែ ៣១ឆ្នាំ ហើយបច្ចុប្បន្ននេះមានទ្រព្យសម្បត្តិប្រហែល ១១៣,៥ពាន់លានដុល្លារ។
លោក Larry Page ជាសហស្ថាបនិកក្រុមហ៊ុន Google ក្លាយជាមហាសេដ្ឋីពាន់លាននៅអាយុ ៣០ឆ្នាំ ហើយបច្ចុប្បន្នបុរសវ័យ ៤៧ឆ្នាំនេះ មានទ្រព្យសម្បត្តិប្រហែល ៦៦,៨ពាន់លានដុល្លារ។
លោក Evan Spiegel ជាសហស្ថាបនិក Snapchat បានក្លាយជាមហាសេដ្ឋីពាន់លាន នៅឆ្នាំ ២០១៥ ពេលមានអាយុត្រឹម ២៥ឆ្នាំ ហើយបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិ ៤,៥ពាន់លានដុល្លារ។
លោក Mark Zuckerberg ពេលមានវ័យទើប ២៣ឆ្នាំ បានក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ បន្ទាប់ពី Facebook ដាក់លក់ភាគហ៊ុនជាសាធារណៈនៅឆ្នាំ ២០០៨។ បច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិប្រហែល ៩៩,៦ពាន់លានដុល្លារ៕
ដោយ ៖ sabay