បរទេស៖ ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានរាយការណ៍នៅថ្ងៃសុក្រនេះថា កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានបាញ់ទម្លាក់មីស៊ីល និងកូនដ្រូនផ្ទុកគ្រាប់បែករបស់ពួកហូធី ដែលហោះឆ្ពោះ ទៅតំបន់ភាគខាងត្បូង របស់អារ៉ាប៊ីសាអូឌីត ជិតព្រំដែនប្រទេសយេម៉ែន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត ដែលដកស្រង់សម្តីមន្ត្រី នាំពាក្យកងកម្លាំងចម្រុះ លោក Turki al-Maliki បាននិយាយថា មីស៊ីលនោះ ហោះក្នុងទិសដៅតម្រង់ទៅទីក្រុង Najran នៅពេលវាត្រូវបាញ់ទម្លាក់នោះ។
គួរបញ្ជាក់ថា ប្រទេសយេម៉ែន បានជាប់គាំងក្នុងជម្លោះ ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលពួកឧទ្ទាមហូធី ដែលមានសម្ពន្ធភាព ជាមួយប្រទេសអ៊ីរ៉ង់ រឹបអូសយកទីក្រុងសាណាអា និងបន្ទាប់មកតំបន់ខាង ជើងប្រទេសជាច្រើន។ ការប្រយុទ្ធគ្នាបានកើនឡើងខ្លាំង នៅក្នុងខែមីនា ឆ្នាំ២០១៥ ជាពេលដែលកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ចូលធ្វើអន្តរាគមរក្សារដ្ឋាភិបាល របស់លោកប្រធានាធិបតី Abd-Rabbu Mansour Hadi៕ ប្រែសម្រួល៖ប៉ាង កុង