ព័ត៌មានអន្តរជាតិ

Tim Cook ចំណាយ ៥លានដុល្លារ ធ្វើបុណ្យរាល់ខែសីហា

កាល​ពី​សប្ដាហ៍​មុន​នេះ​លោក Tim Cook នាយក​ប្រតិបត្តិ​ Apple បាន​បរិច្ចាគ​​ភាគ​ហ៊ុន Apple មាន​តម្លៃ​ជាង ៥​លាន​ដុល្លារ ទៅ​ឲ្យ​មូលនិធិ​សប្បុរសធម៌​មិន​បញ្ចេញ​ឈ្មោះ​មួយ។ ​នេះ​បើ​ផ្អែក​តាម​លិខិត​ដែល​ចុះ​នៅ​គណៈកម្មការ​មូលបត្រ​នា​ថ្ងៃ​នេះ។

លោក Tim Cook បាន​បរិច្ចាគ​ភាគហ៊ុន​សរុប​ ១០ ៧១៥ ភាគហ៊ុន ដែល​មាន​តម្លៃ​​ប្រមាណ ៥,៤​លាន​ដុល្លារ បើ​ផ្អែក​តាម​តម្លៃ​ហ៊ុន​ចុង​ក្រោយ​របស់ Apple ដែល​មួយ​ហ៊ុន​មាន​តម្លៃ ៥០៣,៤៣​ដុល្លារ។ លិខិត​គណៈកម្មការ​មូលបត្រ​មិន​បាន​​ប្រាប់​លម្អិត​ថា​លោក Cook បរិច្ចាគ​ទឹក​ប្រាក់​ទៅ​ទី​ណា​នោះ​ឡើយ។

គួរ​ដឹង​ថា​​នៅ​ខែ​សីហា ជា​រៀង​រាល់​ឆ្នាំ លោក Tim Cook តែង​បរិច្ចាគ​ភាគហ៊ុន​តម្លៃ​ប្រមាណ ៥​លាន​ដុល្លារ ទៅ​ឲ្យ​​មូលនិធិ​សប្បុរសធម៌​ ហើយ​ក្នុង​បទ​សម្ភាសន៍​នា​ឆ្នាំ ២០១៥ លោក​បាន​និយាយ​ថា​លោក​នឹង​បរិច្ចាគ​មួយ​ចំណែក​ធំ​នៃ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​ឲ្យ​សកម្មភាព​មនុស្សធម៌។

​​​​ក្រោយ​ការ​បរិច្ចាគ​នេះ លោក Tim Cook នៅ​បន្ត​កាន់​កាប់​ភាគហ៊ុន​ចំនួន ៨៣៧ ៣៧៤ភាគហ៊ុន​នៅ Apple ដែល​មាន​តម្លៃ​ខ្ទង់ ៤២២​លាន​ដុល្លារ៕ ​​​
ប្រភព ៖ sabay

Most Popular

To Top