បរទេស ៖ ប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា វាមិនមែនជាពេលវេលា ត្រូវចាត់វិធានការ បន្ថែមទៀត លើការប៉ុនប៉ងរបស់អាមេរិក ឲ្យដាក់ទណ្ឌកម្មយូអិនឡើងវិញ លើអ៊ីរ៉ង់នោះទេ ព្រោះមិនមានការរួមមតិគ្នា នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Dian Triansyah Djani ដែលជាប្រធាន ក្រុមប្រឹក្សា សន្តិសុខសម្រាប់ខែសីហា បានធ្វើការឆ្លើយតប ចំពោះសំនួរពីប្រទេសរុស្ស៊ី និងប្រទេសចិន ស្តីពីបញ្ហានោះ នៅក្នុងអំឡុងកិច្ចប្រជុំមួយ ស្តីពីតំបន់មជ្ឈិមបូព៌ា ។
គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សសន្តិសុខអង្គការ សហប្រជាជាតិ ចំនួន១៣ប្រទេស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបង្ហាញនូវការប្រឆាំងជំទាស់ ដោយអះអាងថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន គឺត្រូវបានចាត់ទុកជាមោឃៈ ព្រោះតែអាមេរិកកំពុងតែប្រើប្រាស់ដំណើរការ ដែលព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោក ដែលអាមេរិកបានដកខ្លួនចេញកាលពី២ឆ្នាំមុន ៕
ប្រែសម្រួល៖ប៉ាង កុង


