បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាប្រធានាធិបតីបារាំង លោកEmmanel Macron បានធ្វើការអំពាវនាវ គួរឲ្យចាប់អារម្មណ៍ទៅកាន់ ពលរដ្ឋរបស់ខ្លួនថា គួរតែចាប់ផ្តើម រៀនរស់នៅជាមួយវីរុសកូវីដ១៩នេះ បន្ទាប់ពីការឆ្លងបានកើនឡើងខ្ពស់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ ចុងក្រោយនេះ។
លោក Macron បានសរសេរតាមបណ្តាញសង្គមថា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចយើង ត្រូវតែរៀនរស់នៅជាមួយវីរុស ។ លោក បន្តទៀតថាថា លោកបានដឹកនាំក្រុមប្រឹក្សាជាតិ សម្រាប់កិច្ចការងារការពារ ជំងឺរាតត្បាតដើម្បីរៀបចំ ឱ្យមានលក្ខខណ្ឌល្អបំផុត និងការពិចារណា ក្នុងការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មី ព្រមទាំងលក្ខខណ្ឌការងារ បន្ទាប់ពីការលាយបញ្ចូលគ្នា រវាងពលរដ្ឋ នៅក្នុងវិស្សមកាលរដូវក្តៅផង។
គួរឲ្យដឹងដែរថា តួលេខចុងក្រោយនេះ ពោលគឺ២៤ម៉ោងចុងក្រោយ បារាំងមានតួលេខអ្នកឆ្លងថ្មី ដល់ទៅ៣៣០៤នាក់ គឺមានការហក់ឡើងខ្ពស់ កាលពីថ្ងៃចន្ទ ដែលមានត្រឹមតែ ១៩៥៥នាក់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មានចំនួនតិចជាងបន្តិច ពីតួលេខឡើងខ្ពស់បំផុត កាលពីថ្ងៃអាទិត្យកន្លងទៅ គឺដល់ទៅ៤៨៩៧នាក់ ក្នុងពេលដូចគ្នានេះ៕
ប្រែសម្រួល៖ស៊ុនលី