ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលចិន ខណៈកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានចុះបញ្ជីក្រុមហ៊ុនចិន មួយចំនួនហើយបានដាក់កម្រិត ការផ្តល់ទិដ្ឋការដល់ នាយកប្រតិបត្តិក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងការអះអាង របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយ ដែលនឹងជំរុញឱ្យមានភាព តានតឹងទ្វេភាគីថែមទៀត លើដែនទឹក ដែលមានជម្លោះ។

សកម្មភាពនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីខែកក្កដាបានរឹតបន្តឹងគោលនយោបាយ របស់ខ្លួននៅលើសមុទ្រចិនខាងត្បូង ដែលត្រូវបានជំទាស់ដោយប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដោយបានហៅការទាមទារ របស់ទីក្រុងប៉េកាំង ចំពោះធនធាន នៅឈូងសមុទ្រនៅទូទាំងដែនទឹកភាគច្រើនថា ជាការខុសច្បាប់។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាព រហូតដល់យើងឃើញក្រុងប៉េកាំង បញ្ឈប់ឥរិយាបទបង្ខំរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង ហើយយើងនឹងបន្តឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីទប់ទល់នឹងសកម្មភាព អស្ថិរភាពនេះ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top