បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា យោធាអ៊ីរ៉ាក់ បានឲ្យដឹងថា គ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ បានធ្លាក់មកក្នុងទឹកដីនៃតំបន់ Green Zone នៃក្រុងបាដាដ កាលពីថ្ងៃព្រហស្បតិ៍ ដោយមិនមានអ្នកណាម្នាក់បាត់បង់ជីវិតនៅឡើយទេ ។
ការិយាល័យព័ត៌មាន របស់សេនាធិការចម្រុះអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា គ្រាប់រ៉ុក្កែតទាំងនោះ បានបាញ់ចេញពីតំបន់ al-Bejiyah ដែលស្ថិតនៅភាគខាងលិច ក្រុងបាដាដ កាលពីយប់ថ្ងៃព្រហស្បតិ៍ និងបានធ្លាក់ចូលក្នុងតំបន់ Green Zone ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានដាក់ថា មិនទាន់បង្កឲ្យមាននរណាម្នាក់ ស្លាប់នៅឡើយទេ ខណៈដែលគ្រាប់រ៉ុក្កែត បានធ្លាក់ចំតំបន់ទីវាល ។
ជុំវិញការបាញ់គ្រាប់រ៉ុក្កែតនេះដែរ នៅមិនទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាការវាយប្រហារចូល ក្នុងនោះតំបន់ខាងលើនេះនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា