បរទេស ៖ យន្តហោះទម្លាក់គ្រាប់ កងទ័ព អាកាស សហរដ្ឋអាមេរិក B-52 Stratofortress ចំនួន៤គ្រឿង ធ្វើការហោះហើរពីលើប្រទេស សមាជិកអង្គការណាតូ ទាំង៣០ប្រទេស ដោយមានយន្តហោះ សម្ពន្ធមិត្តហោះអមជាមួយ ក្នុងដំណើរបង្ហាញពីសាមគ្គីភាព ។
តាមសេចក្តីរាយការណ៍ យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រអាមេរិកនោះ ធ្វើដំណើរទៅកាន់ប្រទេសសមាជិកអង្គការណាតូ នៅអឺរ៉ុបនីមួយៗ ហើយក្នុងករណីខ្លះ ចូលរួមជាមួយយន្តហោះចម្បាំង និងធ្វើការចាក់សំាង កណ្ដាលអាកាស គឺយន្តហោះ B-52 ពីរគ្រឿងមកពីកង ទម្លាក់គ្រាប់លេខ៥ នៅមូលដ្ឋានទ័ពអាកាស Minot ធ្វើការហោះហើរពីលើប្រទេសកាណាដា និងសហរដ្ឋអាមេរិក ។
ចំណែកយន្តហោះមកពីប្រទេស ប៊ែលហ្ស៊ិក ប៊ុលហ្គារី កាណាដា ក្រូអាត សាធារណរដ្ឋឆែក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីតាលី ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី ស្លូវ៉ាគី អេស្ប៉ាញ តួកគី និងអង់គ្លេស ក៏ធ្វើការហោះហើរអមជាមួយយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រអាមេរិក ទាំងនោះ គឺមានយន្តហោះប្រមាណ៨០គ្រឿង ចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង