បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសស៊ីរី បាននិយាយប្រាប់ថា ទាហានស៊ីរីចំនួនពីរនាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស ចំនួន៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ វាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើទីក្រុងដាម៉ាស់ និងអាកាសយានដ្ឋាន កាលពីយប់ថ្ងៃចន្ទ ។
ទីភ្នាក់ងារសារព័ត៌មាន Syrian Arab News បានរាយការណ៍ថា ការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល កាលពីម៉ោង១០និង២០យប់ថ្ងៃចន្ទ គឺប្រឈមមុខជាមួយ នឹងប្រព័ន្ធការពារមីស៊ីល ។ មីស៊ីលទាំងនោះ គឺបាញ់ចេញពីទឹកដីអ៊ីស្រាអែលក្នុងតំបន់ Golan Heights ។ វាហាក់ផ្តោតគោលដៅ វាយប្រហារ នៅខាងក្រៅទីក្រុង និងអាកាសយានដ្ឋាន អន្តរជាតិ ជាទីដែលប្រតិបត្តិការីពួកហេស៍ប៊ូឡា ត្រូវបានសម្លាប់ កាលពីខែកក្កដា ដោយការវាយប្រហារ តាមអាកាសអ៊ីស្រាអែលពីមុន ។
ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយមីស៊ីលជាច្រើនទៅលើប្រទេសស៊ីរី ក្នុងរយៈពេលពីរបីខែកន្លងទៅ ដោយអ៊ីស្រាអែល ផ្តោតលើក្រុមយោធាអ៊ីរ៉ង់ ដែលរួមបញ្ចូល ទាំងពួកហេស៍ប៊ូឡា កំពុងកសាងមូលដ្ឋានមួយ នៅក្នុងប្រទេសស៊ីរី ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ៕
ប្រែសម្រួល៖ប៉ាង កុង