បរទេស៖ប្រទេសតួកគី នៅថ្ងៃចន្ទម្សិលមិញនេះ នាវារុករកតួកគី Oruc Reis នឹងធ្វើការអង្កេតពិនិត្យមើលការរញ្ជួយដី នៅក្នុងតំបន់មានជម្លោះនៃសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត រហូតដល់ថ្ងៃទី១២ ខែកញ្ញា បណ្ដាលឲ្យមានការឆ្លើយតបប្រកបដោយ ការខឹងសម្បារជាខ្លាំងពី ប្រទេសក្រិក។
កងទ័ពជើងទឹករបស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានចេញសេចក្តីណែនាំមួយ ដែលនិយាយថា នាវា Oruc Reis នឹងបន្តការងាររហូតដល់ថ្ងៃទី១២ ខែកញ្ញា ដែលពីមុនមក វាគ្រោងធ្វើការងារនោះរហូតត្រឹម ថ្ងៃទី០១ ខែកញ្ញាប៉ុណ្ណោះ។
សេចក្តីណែនាំនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានធ្វើការអំពាវនាវឲ្យមានកិច្ចពិភាក្សាគ្នាឌជាមួយប្រទេសតួកគី និងបានទាមទារ ឲ្យទីក្រុងអង់ការ៉ាបញ្ឈប់ទង្វើឯកតោភាគី ដែលបានបង្កឲ្យមានភាពតានតឹង នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ានេភាគខាងកើត។
គួរបញ្ជាក់ថា ប្រទេសតួកគីនិងប្រទេសក្រិក ទាំងពីរសុទ្ធតែជាសមាជិកអង្គការណាតូ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញការអះអាងកម្មសិទ្ធិលើធនធានអ៊ីដ្រូកាបូនក្នុងតំបន់ ដោយផ្អែកលើទស្សនៈមិនចុះសម្រុងលើទំហំដី ដែនសមុទ្ររបស់ប្រទេសទាំងពីរ ដែលភាគច្រើនគ្របដណ្ដប់ដោយកោះរបស់ក្រិក៕ ប្រែសម្រួល៖ប៉ាង កុង

