បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានស្រង់សម្តីមន្រ្តីម្នាក់ថា រដ្ឋអាជ្ញានៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្តឹងចោទប្រកាន់ទៅលើមន្ត្រីចារកម្មយោធាចំនួន ២ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភនារីរត់ចោលស្រុកកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន គឺរដ្ឋអាជ្ញាបានចោទប្រកាន់មេបញ្ជាការម្នាក់ និង វរសេនីយ៍ទោនៃបញ្ជាការចារកម្មការពារជាតិ ពីបទប្រើអំណាចក្នុងការរំលោភស្រ្តីរងគ្រោះចន្លោះពីខែឧសភាឆ្នាំ ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ ២០១៩ ខណៈពេលដែលនាងស្ថិតនៅក្រោមការការពារនិងត្រួតពិនិត្យរបស់ពួកគេសម្រាប់ប្រតិបត្តិការចារកម្ម។
ទីភ្នាក់ងារពត៌មានបានរាយការណ៍ថា អ្នករត់ចោលជួរនេះបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងមន្រ្តីទាំងពីរកាលពីឆ្នាំ ២០១៩ ។ ភ្នាក់ងារទាំងពីរនាក់ ត្រូវបានគេបញ្ឈប់ពីកាតព្វកិច្ចហើយត្រូវធ្វើការស៊ើបអង្កេត៕ប្រែសម្រួលៈ ណៃ តុលា