ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្កើនគោលនយោបាយ ដាក់ឲ្យនៅដាច់ ដោយឡែកបន្ទាន់ ដើម្បីប្រយុទ្ធជម្ងឺ កូវីដ១៩

បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែស្នើឲ្យធ្វើការពង្រឹងបន្ថែមទៀត នូវវិធានការដាក់ឲ្យនៅដាច់ ដោយឡែកបន្ទាន់ បើទោះជាក្រសួងសុខាភិបាល របស់ប្រទេសកុម្មុយនិស្តនេះ នៅតែបន្តអះអាងថា គ្មានករណីមេរោគកូរ៉ូណា នៅក្នុងប្រទេសក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មានបក្ស ពលករកូរ៉េ Rodong Sinmun បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង កំពុងតែអំពាវនាវឲ្យ មានប្រតិបត្តិការ ដាក់ឲ្យនៅដាច់ដោយឡែកបន្ទាន់ នៅទូទាំងប្រទេស ។

កាសែតកូរ៉េខាងជើងនោះ បាននិយាយយ៉ាងដូច្នេះថា “រឿងដែលប្រជាពលរដ្ឋ មិនមើលស្រាលការត្រៀមលក្ខណៈ យល់ដឹងបន្ថែម និងខិតខំប្រឹងប្រែងដោយខ្លួនឯងនោះ គឺជាគន្លឹះសំខាន់ថា ការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាបន្ទាន់នេះ ទទួលបានជោគជ័យ ឬក៏បរាជ័យ”។

គួរបញ្ជាក់ថា នៅក្នុងខែកក្កដា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានដាក់បម្រាមគោចរក្នុងទីក្រុង Kaesong បន្ទាប់ពីពលរដ្ឋកូរ៉េខាងជើងរត់ទៅកូរ៉េខាងត្បូងមួយរូប បានវិលត្រឡប់មកប្រទេសវិញ។ ប៉ុន្តែកាលពីខែមុននេះ បម្រាមគោចរនោះ ត្រូវបានដកចេញវិញ បើទោះជាប្រព័ន្ធផ្សព្វផ្សាយនានាអះអាងថា បុគ្គលរូបនោះ សង្ស័យថាផ្ទុកមេរោគកូរ៉ូណាក៏ដោយ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top