បរទេស ៖ មន្ត្រីមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសមួយចំនួនផ្សេងទៀត បានជួបប្រជុំគ្នា នៅក្នុងប្រទេស អូទ្រីស នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា អំពីការជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
លោក Helga Maria Schmid ជាអគ្គលេខាធិការទីភ្នាក់ងារ ចំណាត់ការខាងក្រៅអឺរ៉ុប បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ កាលពីថ្ងៃអង្គារនោះ ជាមួយមន្ត្រីតំណាង មកពីប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ចិននិងរុស្ស៊ី ហើយមន្ត្រីទាំងនោះ បាននិយាយគ្នាអំពីវិធានការ រក្សាទុកកិច្ចព្រមព្រៀងនោះ បើទោះជាសហរដ្ឋអាមេរិក បានដកខ្លួនចេញកាលពី២ ឆ្នាំមុនក៏ដោយ។
នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រ លោក Helga Maria Schmid បានមានប្រសាសន៍យ៉ាងដូច្នេះ ថា “វាសំខាន់ណាស់ ដែលភាគីចូលរួមសាមគ្គីគ្នា ជាឯកច្ឆ័ន្ទដើម្បីរក្សាកិច្ចព្រមព្រៀងអ៊ីរ៉ង់ និងស្វែងរកផ្លូវដើម្បីធានាការ អនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងនោះ បើទោះជាមានភាពលំបាកនាពេលបច្ចុប្បន្ននេះក៏ដោយ”៕
ប្រែសម្រួល៖ប៉ាង កុង