លោក William Li បានជាប់ឈ្មោះ ជាសេដ្ឋីទ្រព្យសម្បត្តិ ពាន់លានដុល្លារជាថ្មីម្ដងទៀត ក្រោយពីតម្លៃភាគហ៊ុន នៃក្រុមហ៊ុនរថយន្តអគ្គិសនីឈ្មោះ NIO របស់លោក បានកើនឡើងតម្លៃដល់ ៤៧២% ចាប់តាំងពីចុងខែឧសភា មកទល់ពេលនេះ។ ការកើនឡើងតម្លៃភាគហ៊ុននេះ គឺជាការវិលត្រឡប់វិញយ៉ាងអស្ចារ្យសម្រាប់ក្រុមហ៊ុន ដែលជួបបញ្ហាលើការបង្កើនចំនួនលក់ ធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក William ធ្លាក់ចុះយ៉ាងគំហុក។
លោក William Li ដែលគេបានដាក់ឈ្មោះឲ្យថា “Elon Musk នៃប្រទេសចិន” បានព្យាយាមដាក់ចេញយុទ្ធនាការកាត់បន្ថយការចំណាយ និងរៃអង្គាសថវិកាពីអ្នកបណ្ដាក់ទុន សម្រាប់ក្រុមហ៊ុន NIO ដែលក្រុមហ៊ុននេះ នៅមិនទាន់រកប្រាក់ចំណេញ បាននៅឡើយ។ កាលពីខែមិថុនា មានការបញ្ចូលទឹកប្រាក់ខ្ទង់ ៧៣៣លានដុល្លារ ពីសំណាក់អ្នកបណ្ដាក់ទុក រួមមានរដ្ឋាភិបាលនៃទីក្រុង Hefei ផងដែរ។
កាលពីខែឧសភា លោក William Li បានរាយការណ៍ អំពីចំណូលច្រើនជាងការរំពឹងទុក ដែលមានចំនួន ១៩៤លានដុល្លារ សម្រាប់រយៈពេលត្រីមាសទីមួយឆ្នាំ ២០២០ ហើយលោកបានព្យាករណ៍ថាចំណូល និងការលក់នឹងកើនឡើង លើសពីរដងនៅត្រីមាសបន្ទាប់។ ជាលទ្ធផល NIO អាចលក់ចេញរថយន្តច្រើនជាងត្រីមាសទីមួយ រហូតដល់បីដង គឺលក់បាន ១០ ៣៣១គ្រឿង និងរកប្រាក់ចំណូលបាន ៥៤៤លានដុល្លារផងដែរ។
លទ្ធផលដ៏ល្អរបស់ក្រុមហ៊ុន NIO ធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក William Li កើនឡើងពី ៥៧២,៤លានដុល្លារ កាលពីថ្ងៃទី២២ ខែឧសភា មកដល់បច្ចុប្បន្ន ដែលមានទ្រព្យសម្បត្តិ ២,៩ពាន់លានដុល្លារ៕ ប្រភព៖ sabay