បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះរដ្ឋាភិបាល នៃប្រទេសក្រិកបានប្រកាសថា ខ្លួននឹងធ្វើការពង្រឹងវិស័យយោធា របស់ខ្លួនជាមួយនឹងអាវុធថ្មី យោធាបន្ថែមព្រមទាំង ការអភិវឌ្ឍឧស្សាហកម្មការពារជាតិផង នៅចំពេលដែលភាព តានតឹងកំពុងកើនឡើង រវាងក្រិកនិងប្រទេសតួកគី។
រដ្ឋាភិបាល ក្រុងអង់ការ៉ាកំពុងប្រឈម នឹងប្រទេសក្រិកនិងស៊ីបជុំវិញ សិទ្ធិរុករកប្រេងនិងឧស្ម័ននៅសមុទ្រ មេឌីទែរ៉ាណេខាងកើត។ ប្រទេសក្រិកនិងតួកគី បានដាក់ពង្រាយកងទ័ពជើងទឹក និងអាកាសដើម្បីបញ្ជាក់ពីគោលជំហរៀង ខ្លួននិងពីការប្រកួត ប្រជែងរបស់ពួកគេ។
អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Stelios Petsas បាននិយាយថា «ថ្នាក់ដឹកនាំរបស់ប្រទេស តួកគីកំពុងបញ្ចេញ សកម្មភាពគំរាមកំហែង ជារៀងរាល់ថ្ងៃ និងធ្វើសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈបង្កហេតុប្រឆាំង នឹងប្រទេសក្រិក។ ដូចនេះយើងនឹងឆ្លើយតបជាមួយនឹងការត្រៀម ខ្លួននយោបាយការទូតនិងប្រតិបត្តិការ ដោយប្តេជ្ញាថា នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារសិទ្ធិអធិបតេយ្យភាព របស់យើង៕
ប្រែសម្រួល៖ស៊ុនលី


