ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី៖ អាមេរិក ក្លាយជាអ្នកជំរុញ ខាងយោធានិយមដ៏ធំបំផុត នៅសមុទ្រចិនខាងត្បូង

ប៉េកាំង ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា សហរដ្ឋអាមេរិក បានក្លាយជាកត្តាជំរុញដ៏ធំបំផុត នៃការធ្វើសមាហរណកម្ម នៃសមុទ្រចិនខាងត្បូង និងជាកត្តាគ្រោះថ្នាក់បំផុត ដែលបង្កអន្តរាយដល់សន្តិភាព នៅក្នុងតំបន់ ។

លោកវ៉ាង យី បានធ្វើការកត់សម្គាល់ នៅពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសកំពូល អាស៊ីបូព៌ាលើកទី ១០ តាមរយៈតំណភ្ជាប់វីដេអូ ដោយក្នុងនោះលោកថា សហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ ដោយផ្ទាល់ នៅក្នុងជម្លោះទឹកដី និងសមុទ្រ នៅក្នុងតំបន់ចេញពីតម្រូវ ការនយោបាយរបស់ខ្លួន ជានិច្ចដោយលើក យកកម្លាំងរបស់ខ្លួន និងពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួន។ វាកំពុងក្លាយជាកត្តាជំរុញដ៏ធំបំផុត នៃការធ្វើសមាហរណកម្ម នៃសមុទ្រចិនខាងត្បូង។

សហរដ្ឋអាមេរិក បានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីដោះស្រាយជម្លោះតាមរយៈការពិគ្រោះយោបល់ ក៏ដូចជាការប្រឈមមុខដាក់គ្នា រវាងបណ្តាប្រទេសក្នុងតំបន់។ វាកំពុងក្លាយជាកត្តាគ្រោះថ្នាក់បំផុតដែលបំផ្លាញសន្តិភាព នៅសមុទ្រចិនខាងត្បូង ។

លោកវ៉ាង យី បានបញ្ជាក់បន្ថែមថា “សន្តិភាព និងស្ថិរភាព គឺជាចំណាប់អារម្មណ៍យុទ្ធសាស្ត្រ ដ៏ធំបំផុតរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង” ដោយបន្ថែមថា វាក៏ជាសេចក្តីប្រាថ្នាយុទ្ធសាស្ត្រ ទូទៅរបស់ចិន និងបណ្តាប្រទេសអាស៊ានផងដែរ។

ប្រទេសចិន សង្ឃឹមថាបណ្តាប្រទេស នៅក្រៅតំបន់រួមទាំង សហរដ្ឋអាមេរិក នឹងគោរពយ៉ាងពេញទំហឹងនូវសេចក្តីប្រាថ្នា និងការរំពឹងទុករបស់បណ្តាប្រទេសក្នុងតំបន់ ជំនួសឱ្យការបង្កើតភាពតានតឹង និងស្វែងរកផលចំណេញពីវា៕
ដោយ ឈូក បូរ៉ា

Most Popular

To Top