ព័ត៌មានអន្តរជាតិ

យោធាប៉ាគីស្ថាន អះអាងថា បានបាញ់ទម្លាក់យន្តហោះ ស៊ើបការណ៍របស់ឥណ្ឌា ដែលបង្ហោះចូលព្រំដែនរបស់ខ្លួន

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា យោធារបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងកាលពីល្ងាចថ្ងៃពុធថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះស៊ើបការណ៍ របស់ប្រទេសឥណ្ឌា ដែលបានបង្ហោះ ចូលខ្សែបន្ទាត់ព្រំដែន នៅក្នុងតំបន់ជម្លោះកាស្មៀ ។

យន្តហោះស៊ើបការណ៍នេះ បានហោះក្នុងរយៈចម្ងាយ ប្រមាណ៥០០ម៉ែត្រ នៅលើទឹកដីរបស់ប្រទេសប៉ាគីស្ថាន គឺនៅផ្នែកខ្សែបន្ទាត់ព្រំដែន LoC ផ្នែក Chakothi ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកងទ័ព បានឲ្យដឹងដូច្នេះ ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងទៀតថា នេះជាលើកទី១១ហើយ ដែលយន្តហោះស៊ើបការណ៍របស់ប្រទេសឥណ្ឌា ត្រូវបានបាញ់ទម្លាក់ ដោយយោធារបស់ប៉ាគីស្ថាន នៅក្នុងឆ្នាំនេះ ។

យោធាប៉ាគីស្ថាន បាននិយាយថា ដំបូងឡើយ កាលពីថ្ងៃទី២៦ ខែកក្កដា ខ្លួនបានបាញ់ទម្លាក់ យន្តហោះស៊ើបការណ៍ របស់ប្រទេសឥណ្ឌា ដែលបង្ហោះចូលបន្ទាត់ព្រំដែន ដែលជាការរំលោភបំពាន មកលើដែនអាកាសរបស់ប្រទេសខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top