ញូវយ៉ក៖ ប្រភពព័ត៌មាន ពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ៩០ម៉ឺននាក់ កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ៩០០.០៧៩ នាក់ខណៈដែលមានករណី នៅទូទាំងពិភពលោកជាង ២៧,៦ លានករណី គិតត្រឹមម៉ោង ៥ និង ២៨ នាទី នេះបើយោងតាមទិន្នន័យ CSSE បានបង្ហាញ។
សហរដ្ឋអាមេរិក នៅតែជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយជំងឺរាតត្បាត ដែលមានចំនួន ៦.៣៥៦.៣១០ ករណី និងអ្នកស្លាប់ចំនួន ១៩០.៦៤៩ នាក់ដែលស្មើនឹងជាង ២០ ភាគរយ នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។
ប្រទេសប្រេស៊ីល បានកត់ត្រាចំនួនអ្នកស្លាប់ ច្រើនជាងគេទី ២ លើពិភពលោកដោយមានចំនួន ១២៧.៤៦៤ នាក់ បន្ទាប់មក គឺឥណ្ឌាដែលមានអ្នកស្លាប់ ៧៣.៨៩០ នាក់។
កាលពីពេលថ្មីៗនេះប្រទេសឥណ្ឌា បានវឡាដាច់ប្រទេសប្រេស៊ីល ដោយក្លាយជាប្រទេស ដែលមានករណី ឆ្លងខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក ដែលមានចំនួនលើសពី ៤,៣ លាននាក់នេះបើយោងតាម CSSE៕ ដោយ៖ ឈូក បូរ៉ា