ហាណូយ៖ អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun និងរដ្ឋមន្រ្តីការបរទេស មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ នៅតាមដងទន្លេមេគង្គ បានបើកកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃសុក្រ ដោយពិភាក្សាអំពីវិធី ធ្វើឱ្យកាន់តែស៊ីជម្រៅ ភាពជាដៃគូរបស់ពួកគេ ចំពេលការប្រកួតប្រជែងចុងក្រោយ ជាមួយប្រទេសចិនលើដងទន្លេ ដែលមានប្រវែអ ៤ ៣៥០ គីឡូម៉ែត្រ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេល នៃការប្រជុំបើកជាក្រុមនេះលោក Stephen Biegun បានអះអាងថា គ្រោះរាំងស្ងួត នាពេលបច្ចុប្បន្ន បានរងផលប៉ះពាល់ នៅក្នុងតំបន់ទន្លេមេគង្គ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គឺបណ្តាលមកពីទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសចិន នៅតំបន់ខាងលើ។
លោកបានប្រាប់រដ្ឋមន្រ្តី នៃប្រទេសនៅតាមដងទន្លេមេគង្គក្រោម រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង ប្រទេសវៀតណាមថា យើងត្រូវតែកាន់ឱ្យប្រទេសចិនទទួលខុសត្រូវ ព្រោះការសេចក្តីសំរេច របស់ទីក្រុងប៉េកាំងជះឥទ្ធិពល ដល់អ្នកទាំងអស់គ្នានៅក្នុងតំបន់។ ទំនប់ចំនួន ១១ នៅក្នុងប្រទេសចិន បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខស្បៀងបរិស្ថាន និងជីវភាពរស់នៅ របស់ប្រជាជនក្នុងទន្លេមេគង្គ។
អនុរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានបន្ថែមទៀតថា “ មិនដូចប្រទេសចិន ដែលបានបង្ហាញឆន្ទៈរបស់ខ្លួន លើអ្នកដទៃការខិតខំ របស់សហរដ្ឋអាមេរិក គឺដើម្បីផ្តល់អំណាចដល់ប្រជាជន ក្នុងតំបន់និងជួយប្រទេស ក្នុងតំបន់ឱ្យមានអធិបតេយ្យភាព និងរដ្ឋឯករាជ្យ” ។
ដើមកំណើតនៅប្រទេសចិន ទន្លេមេគង្គលាតសន្ធឹងតាមព្រំដែន បានក្លាយជាផ្លូវទឹកដ៏សំខាន់បំផុត នៅអាស៊ីអាគ្នេយ៍ ដោយផ្តល់អាហារដល់មនុស្សជាង ៦០ លាននាក់នៅតាមបណ្តោយផ្លូវនេះ។
ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ កម្ពស់ទឹកទន្លេបានធ្លាក់ ចុះគួរឱ្យកត់សម្គាល់ ដែលបណ្តាលឱ្យមានគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលបានលិចលង់ផ្ទះសម្បែងចម្ការបំផ្លាញ និងធ្វើឱ្យបរិមាណត្រីធ្លាក់ចុះ៕ ប្រែសម្រួលៈ ណៃ តុលា