ហាណូយ៖ អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Stephen Biegun និងរដ្ឋមន្រ្តីការបរទេស មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ នៅតាមដងទន្លេមេគង្គ បានបើកកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃសុក្រ ដោយពិភាក្សាអំពីវិធីធ្វើឱ្យកាន់តែស៊ីជម្រៅភាព ជាដៃគូរបស់ពួកគេ ចំពេលការប្រកួតប្រជែង ចុងក្រោយជាមួយប្រទេសចិនលើដងទន្លេ ដែលមានប្រវែអ ៤ ៣៥០ គីឡូម៉ែត្រ ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេល នៃការប្រជុំបើកជាក្រុមនេះលោក Stephen Biegun បានអះអាងថា គ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន បានរងផលប៉ះពាល់នៅក្នុងតំបន់ទន្លេមេគង្គ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គឺបណ្តាលមកពីទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសចិន នៅតំបន់ខាងលើ។
លោកបានប្រាប់រដ្ឋមន្រ្តី នៃប្រទេសនៅតាមដងទន្លេមេគង្គក្រោម រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង ប្រទេសវៀតណាមថា យើងត្រូវតែកាន់ឱ្យប្រទេសចិន ទទួលខុសត្រូវ ព្រោះការសេចក្តីសំរេចរបស់ទីក្រុងប៉េកាំងជះឥទ្ធិពលដល់អ្នកទាំងអស់គ្នានៅក្នុងតំបន់។ ទំនប់ចំនួន ១១ នៅក្នុងប្រទេសចិនបានបង្កផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខស្បៀងបរិស្ថាន និងជីវភាពរស់នៅ របស់ប្រជាជនក្នុងទន្លេមេគង្គ។
អនុរដ្ឋមន្រ្តីការបរទេស អាមេរិករូបនេះ បានបន្ថែមទៀតថា “ មិនដូចប្រទេសចិន ដែលបានបង្ហាញឆន្ទៈរបស់ខ្លួន លើអ្នកដទៃការខិតខំ របស់សហរដ្ឋអាមេរិក គឺដើម្បីផ្តល់អំណាចដល់ប្រជាជន ក្នុងតំបន់និងជួយប្រទេសក្នុងតំបន់ ឱ្យមានអធិបតេយ្យភាពនិងរដ្ឋឯករាជ្យ” ។
ដើមកំណើតនៅប្រទេសចិន ទន្លេមេគង្គលាតសន្ធឹងតាមព្រំដែន បានក្លាយជាផ្លូវទឹកដ៏សំខាន់បំផុត នៅអាស៊ីអាគ្នេយ៍ដោយផ្តល់អាហារ ដល់មនុស្សជាង ៦០ លាននាក់នៅតាមបណ្តោយផ្លូវនេះ។
ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មកនេះ កម្ពស់ទឹកទន្លេបានធ្លាក់ចុះ គួរឱ្យកត់សម្គាល់ដែលបណ្តាល ឱ្យមានគ្រោះរាំងស្ងួតនិងទឹកជំនន់ ដែលបានលិចលង់ផ្ទះសម្បែងចម្ការបំផ្លាញ និងធ្វើឱ្យបរិមាណត្រីធ្លាក់ចុះ៕
ប្រែសម្រួលៈ ណៃ តុលា