បរទេស៖ប្រទេសតួកគី នៅព្រឹកថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែវិលទៅរកគោលជំហរអព្យាក្រិតស្តីពីបញ្ហាកោះស៊ីប ក្រោយទីក្រុងវ៉ាស៊ីនតោននិងទីក្រុងនីកូស៊ី បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់មួយកន្លែង។
ក្រសួងការបរទេសរបស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ដូច្នេះថា “អនុស្សរណៈយោគយល់គ្នានោះ នឹងមិនបម្រើដល់សន្តិភាពនិងស្ថិរភាព នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើតនោះទេ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ដំណោះស្រាយចំពោះបញ្ហាកោះស៊ីបទៀតផង”។
ក្រសួងតួកគីបានបន្ថែមទៀតថា “យើងសូមអញ្ជើញសហរដ្ឋអាមេរិកឲ្យវិលទៅរកគោលនយោបាយអព្យាក្រិត ដែលខ្លួនធ្លាប់បានអនុវត្តពីមុនមក លើកោះស៊ីប និងដើម្បីចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងនានា ដែលមានគោលបំណងរកដំណោះស្រាយចំពោះបញ្ហាកោះស៊ីប”។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយកាលពីដើមខែនេះថា សហរដ្ឋអាមេរិក នឹងដកបម្រាមហាមឃាត់អាវុធមានរយៈពេល៣៣ឆ្នាំ លើសាធារណរដ្ឋស៊ីប និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយទីក្រុងនីកូស៊ី៕