ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកថា ចិន បង្កបញ្ហាខ្លាំង ជាងរុស្ស៊ីទៅទៀត

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅថ្ងៃសុក្រ បានរិះគន់ប្រធានការិយាល័យ ស៊ើបអង្កេតសហព័ន្ធលោក Christopher Wray ចំពោះការមិនអើពើ ទៅលើការគំរាមកំហែង របស់ចិន ចំពោះភាពសុចរិត នៃការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់ហើយផ្តោត ការគំរាមរបស់ចិននេះ ខ្លាំងជាងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសក្ខីកម្មរបស់លោកទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ លោក Wray បានចោទប្រកាន់ថា ប្រទេសរុស្ស៊ី “សកម្មខ្លាំងណាស់” នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតអាមេរិក និង “សាបព្រោះការបែកបាក់និងការមិនចុះសម្រុងគ្នា” ដែលបង្អាប់គូប្រជែងប្រជាធិបតេយ្យលោក Joe Biden ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅសេតវិមានថា «ខ្ញុំគិតថាយើងមានបញ្ហាធំ ជាមួយចិនជាងយើងមានជាមួយរុស្ស៊ី ។ ខ្ញុំគិតថា ចិនជាបញ្ហាធំ ហើយខ្ញុំនិយាយថា មែនហើយប្រសិន បើអ្នកចង់គិតអំពីរុស្ស៊ី ប៉ុន្តែចុះយ៉ាងណាចំពោះចិន? ខ្ញុំគិតថាវាសមរម្យ ។

យ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបដិសេធ រាល់ការប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់សហរដ្ឋអាមេរិក រួមទាំងការបោះឆ្នោតនៅឆ្នាំ ២០២០ ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top