បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ បាននិយាយប្រាប់មហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនអាចដាក់កិច្ចចរចាឬក៏សង្គ្រាម លើសាធារណរដ្ឋឥស្លាមបានទេ ស្របពេលមានភាពតានតឹងកើនកម្តៅខ្លាំងឡើង រវាងសត្រូវដ៏យូរទាំងពីរ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ ជាមួយមហាអំណាចពិភពលោក។
នៅក្នុងសារវីដេអូ លោក ហាស្សាន រ៉ូហានី បាននិយាយប្រាប់មហាសន្និបាត ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិដូច្នេះថា “ប្រទេសអ៊ីរ៉ង់ មិនមែនជាឧបករណ៍តថ្លៃ ក្នុងការបោះឆ្នោតអាមេរិក និងគោលនយោបាយក្នុងស្រុក ហើយរដ្ឋបាលអាមេរិកណាមួយ ក្រោយការបោះឆ្នោតនាពេលខាងមុខនេះ នឹងមិនមានជម្រើសសោះឡើយ ក្រោយពីចុះចាញ់ភាពអត់ធ្មត់ របស់ប្រទេសអ៊ីរ៉ង់”។
គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នា រវាងអាមេរិកនិងអ៊ីរ៉ង់ បានកើនកម្តៅខ្លាំងឡើង ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក និបានដាក់ទណ្ឌកម្មវិញជាឯកតោភាគី ដែលធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង