បរទេស ៖ កងកម្លំាងម៉ារីន សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា យន្តហោះចម្បាំងបំបាំងកាយ F-35B របស់កងទ័ពម៉ារីនសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ នាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth ហើយ ដើម្បីចាប់ផ្តើមសមយុទ្ធ នៅសមុទ្រខាងជើង។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹង ថា យន្តហោះចម្បាំង ដែលប្រើពេលដ៏ខ្លី ក្នុងការហោះឡើង និងចុះចតរបស់កងវាយប្រហារ យន្តហោះចម្បាំងម៉ារីនលេខ២១១ មានមូលដ្ឋាន នៅក្នុងរដ្ឋអារីហ្សូណា បានធ្វើដំណើរទៅដល់នាវាផ្ទុកយន្តហោះអង់គ្លេសនោះ កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា យន្តហោះចម្បាំងកងកម្លាំងម៉ារីន អាមេរិកទាំងនេះ បានធ្វើដំណើរទៅដល់ នៅមុនពេលធ្វើសមយុទ្ធ GroupEx ដែលនឹងមានការចូលរួម ដោយក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះអង់គ្លេស ក៏ដូចជានាវាចម្បាំងរបស់ទ័ពជើងទឹក ហូឡង់ និងសហរដ្ឋអាមេរិក ។ សមយុទ្ធនេះ នឹងផ្តោតលើអន្តរប្រតិបត្តិការ របស់យន្តហោះចម្បាំង F-35B និងនាវាផ្ទុកយន្តហោះអង់គ្លេស ៕
ប្រែសម្រួល៖ប៉ាង កុង