ព័ត៌មានអន្តរជាតិ

ជប៉ុនជំរុញកូរ៉េខាងត្បូង ឲ្យឈប់រឹបអូសយក ទ្រព្យសម្បត្តិក្រុមហ៊ុនដែក Nippon Steel

បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបចូលកាន់តំណែងថ្មីៗរបស់ជប៉ុន តាមសេចក្តីរាយការណ៍ បានព្រមានមិនឲ្យមានការរឹបអូសទ្រព្យសម្បត្តិជារបស់ក្រុមហ៊ុនសាជីវកម្ម Nippon Steel និង Sumitomo Metal Corp. របស់ជប៉ុន នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាទីដែលតុលាការ កាលពីឆ្នាំមិញនេះ បានអនុម័តរឹបអូសយកទ្រព្យសម្បត្តិក្រុមហ៊ុន សម្រាប់ជាសំណងពលកម្មដោយបង្ខំនៅដែនសមុទ្រ។ 

ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានរាយការណ៍ថា លោក Katsunobu Kato ជាអតីតរដ្ឋមន្ត្រីសុខាភិបាលរបស់ទីក្រុងតូក្យូ  បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងសន្និសីទកាសែតមួយថា ការរឹបអូសយកទ្រព្យសម្បត្តិជប៉ុន អាចនាំឲ្យមានស្ថានភាពដ៏អាក្រក់មួយ។ 

លោករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការជប៉ុនថ្មីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ភាគីជប៉ុន បានធ្វើការចង្អុលបង្ហាញចំណុចនេះយ៉ាងខ្លាំងក្លានិងម្តងហើយម្តងទៀត ហើយយើងចង់បន្តទាមទារយ៉ាងខ្លាំងក្លា ឲ្យភាគីកូរ៉េខាងត្បូង ដាក់ចេញនូវដំណោះស្រាយមួយ ឲ្យបានលឿន”៕ 

Most Popular

To Top