បរទេស៖ កាលពីចុងខែឧសភា ប្រទេសរុស្ស៊ីបានចុះបញ្ជី ឱសថប្រឆាំងមេរោគកូវីដ១៩ ដំបូងបង្អស់លើពិភពលោក ដោយផ្អែកលើថ្នាំ favipiravir ដែលជាថ្នាំប្រឆាំងវីរុស។ ថ្នាំនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងគ្លីនិករបស់ប្រទេសរុស្ស៊ី ដើម្បីព្យាបាលជំងឺកូរ៉ូណា ចាប់តាំងពីខែមិថុនា ហើយចាប់តាំងពីពេលនោះមក ត្រូវបានទទួលដោយមន្ទីរពេទ្យនានា នៅប្រទេសបេឡារុស្ស កាហ្សាក់ស្ថាន បូលីវីនិងប្រទេសមួយចំនួនទៀត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) ដែលជាអ្នកវិនិយោគ ដែលបានផ្តល់មូលនិធិ ដល់ការអភិវឌ្ឍវ៉ាក់សាំងដំបូង លើពិភពលោក ប្រឆាំងនឹងមេរោគឆ្លង និង ChemRar Group ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ បានយល់ព្រម ក្នុងការផ្គត់ផ្គង់ថ្នាំ ប្រឆាំងនឹងមេរោគកូវីដឈ្មោះ Avifavir ដល់ ១៧ ប្រទេស។
ថ្នាំ Avifavir ដែលជាថ្នាំ ដែលមានមូលដ្ឋានលើ favipiravir ដំបូងបង្អស់របស់ពិភពលោក ត្រូវបានអនុម័ត សម្រាប់ការព្យាបាលមេរោគកូវីដ១៩ នឹងត្រូវបញ្ជូន ទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រេស៊ីល ប៊ុលហ្គារី កូឡុំប៊ី ស៊ែប៊ី អាហ្សង់ទីន ស៊ីលី កូឡុំប៊ី អេក្វាឌ័រ អេលសាវ៉ាឌ័រ ហុងឌូរ៉ាស គុយវែត ប៉ាណាម៉ា ប៉ារ៉ាហ្គាយ ស្លូវ៉ាគី អាហ្វ្រិកខាងត្បូង អេមីរ៉ាតអារ៉ាប់រួម និងអ៊ុយរូហ្គាយ៕ ប្រែសម្រួលៈ ណៃ តុលា
