ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងព្រមាន ពីភាពតានតឹងទ័ពជើងទឹក ក្នុងអំឡុងស្វែងរកជនជាតិ កូរ៉េខាងត្បូងត្រូវគេសម្លាប់

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉ខាងជើង នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែស្វែងរកសាកសពបុរស ជនជាតិកូរ៉េខាងត្បូង ដែលត្រូវកងទ័ពខ្លួនសម្លាប់ ប៉ុន្តែបានព្រមានថា ប្រតិបត្តិការទ័ពជើងទឹកកូរ៉េខាងត្បូង នៅក្នុងតំបន់ គម្រាមឲ្យមានភាពតានតឹងកើនឡើង។

ទីភ្នាក់ងារសារព័ត៌មាន កណ្ដាល របស់កូរ៉េខាងជើង KCNA តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យនេះយ៉ាងដូច្នេះថា “យើងជំរុញឲ្យភាគីកូរ៉េខាងត្បូង បញ្ឈប់ភ្លាមនូវការបំពានឆ្លងបន្ទាត់ តំបន់សគ្មានយោធា នៅសមុទ្រខាងលិច ដែលនឹងអាចបណ្ដាល ឲ្យមានភាពតានតឹងកើនឡើង”។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ យោធារបស់ប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់ទាហានកូរ៉េខាងជើង ថា បានបាញ់សម្លាប់បុរសកូរ៉ខាងត្បូងម្នាក់ និងបានចាក់ប្រេងដុតសាបសពចោល នៅជិតព្រំដែនសមុទ្រ។ ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានចេញនូវសារថ្លែងសុំទោសដ៏កម្រមួយ កាលពីថ្ងៃសុក្រ ចំពោះការបាញ់សម្លាប់មន្រ្តីជលផលកូរ៉េខាងត្បូង នៅក្នុងដែនទឹកកូរ៉េខាងជើងនោះផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top