ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ៖ សិស្សសាលានៅជប៉ុនជាង ៧០ភាគរយ មានអារម្មណ៍តានតឹង អំឡុងពេលការរីករាល ដាលវីរុសកូរ៉ូណា

តូក្យូ៖ យោងតាមការស្ទង់មតិ ដោយវិទ្យាស្ថានវេជ្ជសាស្រ្ត គ្រប់គ្រងដោយរដ្ឋ បានអោយដឹងថា ក្មេងជាង ៧០ ភាគរយនៃសិស្សសាលា នៅក្នុងប្រទេសជប៉ុន មានអារម្មណ៍ស្ត្រេស ឬតានតឹង ដោយសារតែការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការស្ទង់មតិ ដែលអាចផ្តល់ចម្លើយបានច្រើន, ៧២ ភាគរយនៃសិស្សបឋម, មធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សា បាននិយាយថា ការគិតអំពីវីរុសធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ ឬប៉ះពាល់ ដល់ការផ្តោតអារម្មណ៍របស់ពួកគេ។

ក្នុងពេលដំណាលគ្នានោះ ៩ ភាគរយនៃអ្នកឆ្លើយតប បានរាយការណ៍ថា ពេលខ្លះធ្វើបាបខ្លួន ឬប្រើអំពើហឹង្សាទៅលើសមាជិកគ្រួសារ ឬ ទៅលើសត្វចិញ្ចឹម។

ការស្ទង់មតិ ក៏បានរកឃើញថា ៣២ ភាគរយ នឹងមិនចង់អោយគេដឹងថា តើពួកគេឬសមាជិកគ្រួសាររបស់ពួកគេឆ្លងវីរុសនោះទេ ខណៈ ៤៧ ភាគរយជឿជាក់ថា មនុស្សភាគច្រើននឹងរក្សាការសម្ងាត់។

២២ភាគរយទៀត បាននិយាយថា ពួកគេនឹងមិនចង់លេង ឬដើរលេងជាមួយអ្នកដែលឆ្លងវីរុសនេះទេ សូម្បីតែពួកគេបានជាសះស្បើយក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top