ព័ត៌មានអន្តរជាតិ

ធ្វើដំណើរ៤ឆ្នាំ ដើម្បីតែចុះចតប៉ុន្មានវិនាទី លើអាចម៍ផ្កាយមួយ

ទីភ្នាក់ងារអវកាសណាសា បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២៤ កញ្ញាថា បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ៤ ឆ្នាំ យានអវកាសរ៉ូបូត OSIRIS-REx របស់អង្គការណាសា នឹងចុះទៅដល់ផ្ទៃអាចម៍ផ្កាយ Bennu នៅថ្ងៃទី ២០ ខែតុលា ដោយចុះចតពីរបីវិនាទី ដើម្បីប្រមូលយកសំណាកថ្មនិងធូលី។

អ្នកវិទ្យាសាស្ត្រសង្ឃឹមថា បេសកកម្មនេះនឹងជួយឱ្យ យើងយល់កាន់តែស៊ីជម្រៅ អំពីរបៀបដែលភពនានា បានបង្កើតឡើងនិងជីវិត បានចាប់ផ្តើម និងផ្តល់ការយល់ដឹងអំពីអាចម៍ផ្កាយ ដែលអាចនឹងប៉ះពាល់ដល់ផែនដី ។

លោក ម៉ៃ ម៉ូរ៉ូ អនុប្រធានគ្រប់គ្រង គម្រោង យានរ៉ូបូត OSIRIS-REx និយាយថា “ការរៀបចំផែនការនិងការខិតខំ ជាច្រើនឆ្នាំដោយក្រុមការងារនេះ ពិតជាសំខាន់ណាស់ ក្នុងការដាក់ចេញនូវយន្តការ TAGSAM (ទម្រង់យន្ដការចុះប្រមូលសំណាកគំរូ) ដើម្បីប៉ះនឹងផ្ទៃអាចម៍ផ្កាយ ៥ ទៅ ១០ វិនាទី”។

អង្គការណាសាបានជ្រើសរើស ទីតាំងមួយដែលមានឈ្មោះថា Nightingale ជាតំបន់ថ្មដែលមានអង្កត់ផ្ចិត ១៦ ម៉ែត្រ សម្រាប់ដៃមនុស្សយន្ត របស់យានអវកាសប្រមូលយកសំណាក ពីព្រោះវាផ្ទុកបរិមាណដ៏ល្អបំផុត នៃវត្ថុធាតុដែលរក្សាបានយ៉ាងល្អ។

អាចម៍ផ្កាយ Bennu ស្ថិតឆ្ងាយពីផែនដី ៣៣៤ លានគីឡូម៉ែត្រ ហើយយាននឹងបញ្ជូន សំណាកមកផែនដីវិញនៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៣៕

ដោយ៖ sabay

Most Popular

To Top